Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ស្វែងយល់ពីជំងឺ១៤មុខ ដែលមនុស្សចាស់ឧស្សាហ៍កើតមាន

វ័យចាស់ គឺមិនស្រួលទេ ពិបាកទាំងការគេង និងការញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះទៀត។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឱ្យជំងឺមួយចំនួនអាចលុកលុយ ឬកើតបាន គួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ឬយកចិត្តទុកដាក់ឱ្យមែនទែន។ ប្រសិនបានអាន និងស្វែងយល់ពីបញ្ហាប្រឈមចំពោះសុខភាពមនុស្ស ហើយយើងចង់បញ្ចៀសបញ្ហាមួយចំនួន ដែលអាចកើតមានចំពោះចាស់ៗនៅក្នុងផ្ទះ អ្នកគួរស្វែងយល់ ហើយព្យាយាមបំពេញចន្លោះប្រហោងរបស់មនុស្សចាស់ ជាពិសេសរៀបចំ ឬជំរុញការញ៉ាំ និងហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាប្រចាំសម្រាប់ពួកគាត់។ អ្នកគួរស្វែងយល់ពីប្រភេទជំងឺ១៤មុខ ដែលតែងតែកើតមានចំពោះមនុស្សចាស់ៗ ឬវ័យកាន់តែជ្រេ (លើសពី៦០) ដូចខាងក្រោមនេះ ៖

១. រលាកសន្លាក់ :
ជំងឺរលាកសន្លាក់ បើនិយាយម្យ៉ាងទៀត “សន្លាក់ដែលរងការរលាក” បណ្ដាលឱ្យមានការចុកចាប់ ឬឈឺតាមគន្លាក់ដៃគន្លាក់ជើង មិនអាចគ្រប់គ្រងបាន ភាពរឹងគាំង និងការហើមនៅលើរាងកាយមនុស្សចាស់។ មនុស្សចាស់ជាទូទៅតម្រូវឱ្យមានសកម្មភាពប្រចាំថ្ងៃក្នុងដែនកំណត់មួយដូចជា៖ ការដើរ ការអោនចំកោង ការឡើងជណ្ដើរ។
២. បេះដូង :
គួរតាមដានឱ្យមែនទែនចំពោះបញ្ហាបេះដូង។ គួរធ្វើរោគវិនិច្ឆ័យថាមានកម្រិតខ្ពស់នៃជាតិគ្លុយកូស ឬជាតិកូឡេស្តេរ៉ូល ដែលអាចបង្កជាជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល (stroke) ឬកើតមានបញ្ហាបេះដូង នៃចំណែកណាមួយឬអត់។ យោងតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) អាមេរិកបានបញ្ជាក់ថា ជំងឺបេះដូងគឺជាឃាតកចម្បងមួយលើមនុស្សអាយុលើសពី៦៥ឆ្នាំ។ វាទទួលខុសចំពោះការស្លាប់ជិត៥០ម៉ឺនករណីនៅក្នុងឆ្នាំ២០១៤។
៣. មហារីក :
មហារីក គឺជាមូលហេតុធំទីពីរដែលបណ្ដាលឱ្យមនុស្សអាយុលើសពី៦៥ឆ្នាំស្លាប់។ ប្រសិនបើត្រូវបានរកឃើញបានលឿនពីដើមទីតាមរយៈការពិនិត្យរាវរកដូចជា ការថតកាំរស្មីអ៊ិចសុដន់ ការឆ្លុះពោះវៀនធំ និងការឆែកពិនិត្យមើលស្បែកប្រភេទជាច្រើននៃមហារីក គឺអាចព្យាបាលបាន។
៤. ផ្លូវដង្ហើម :
ជំងឺផ្លូវដង្ហើមមានច្រើនប្រភេទ ប្រភេទខ្លះអាចមិនមានគ្រោះថ្នាក់ ហើយអាចជាដោយខ្លួនឯងវិញដូចជាគ្រុនផ្ដាសាយជាដើម ប៉ុន្តែខ្លះទៀតអាចមានគ្រោះថ្នាក់ដល់ជីវិតមានដូចជា រលាកសួត កកឈាមក្នុងសរសៃឈាមសួត (Pulmonary embolism) រោគហឺតស្រួចស្រាវ និងមហារីកសួត។ មនុស្សវ័យចំណាស់ គួរតែធ្វើតេស្តលើមុខងារសួតឱ្យបានញឹកញាប់ និងទៅជួបពេទ្យដើម្បីទទួលបានការណែនាំផ្សេងៗ។
៥. ជំងឺបាត់ការចងចាំមនុស្សចាស់ (Alzheimer’s disease) :
ជំងឺបាត់បង់ការចងចាំលើមនុស្សចាស់ ឬយើងតែងជួបប្រទះហើយហៅជំងឺនេះថា “វង្វេង” មិនត្រឹមតែជាជំងឺធ្ងន់ និងលំបាកធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យមនុស្សចាស់មានបញ្ហាធ្ងន់ធ្ងរ តាមរយៈការវង្វេងវង្វាន់ ឬអត់ចាំអីទាំងអស់ដូចជា មិនស្គាល់សមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួន មិនស្គាល់កន្លែងកំពុងនៅ ឬរបស់របរផ្សេងៗក៏មិនអាចចំណាំ ឬស្គាល់។
៦. បញ្ហាមើល ឬស្ដាប់ :
មនុស្សចាស់ភាគច្រើនមានបញ្ហាក្នុងការមើល និងស្ដាប់ តែទោះជាយ៉ាងនេះក្ដី ក៏បញ្ហាទាំងអស់នេះមិនសូវប៉ះពាល់ខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃទៀតឡើយ ព្រោះតែមានជំនួយពីវ៉ែនតា និងឧបករណ៍ជំនួយការស្ដាប់ដែលងាយនឹងរកទិញបាន។
៧. បញ្ហាមាត់ធ្មេញ :
សុខភាពមាត់ធ្មេញ គឺជាចំណែកដ៏សំខាន់នៃសុខភាពរបស់មនុស្សវ័យចំណាស់ ប៉ុន្តែតែងតែត្រូវបានគេមើលរំលងជានិច្ច ដោយសារវាអាចនឹងបង្កនូវការឱ្យតម្លៃខ្លួនឯងទាប ការពិបាកនឹងគោរពធ្វើតាមរបបអាហារដែលផ្ដល់សុខភាពល្អ និងផលវិបាកដទៃផ្សេងទៀត។ ដើម្បីចៀសវាងប្រហោង ឬការពុកធ្មេញ មនុស្សចាស់គួរធ្វើការពិនិត្យសុខភាពធ្មេញឱ្យបានទៀងទាត់ជាប្រចាំ។
៨. បញ្ហាអាហារូបត្ថម្ភ :
កង្វះអាហារូបត្ថម្ភ ជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យមិនអស់គ្រប់គ្រាន់ បើទោះបីជាវាអាចនាំទៅដល់ប្រព័ន្ធភាពស៊ាំងាយរងគ្រោះ និងសន្លាក់ ឬសាច់ដុំខ្សោយក៏ដោយ។ មូលហេតុដែលនាំឱ្យមានបញ្ហានេះកើតឡើងអាចបណ្ដាលមកពីជំងឺភ្លេចភ្លាំង។ ប្រការនេះបានពន្យល់ថា ហេតុអ្វីបានជាមនុស្សវ័យចំណាស់ភ្លេចបរិភោគ ជំងឺធ្លាក់ទឹកចិត្តរហូតដល់ការថយចុះនូវការទាក់ទងក្នុងសង្គម និងមានច្រើនបែបនេះទៀតជាដើម។ បើមិនចង់ឱ្យចាស់ៗនៅក្នុងផ្ទះកើតមានបញ្ហានេះ យើងជាសមាជិកគ្រួសារ គួរគិតគូ ហើយរៀបចំឱ្យបានទៀងទាត់ លើកត្តាហូបចុកប្រចាំថ្ងៃរបស់ពួកគាត់។
៩. ស្រាបារី :
ការប្រើសារធាតុញៀនដូចជា សុរា ថ្នាំជក់ ឬកញ្ឆាក្នុងរយៈពេលយូរ អាចនឹងនាំទៅដល់ការពុល និងទ្រុឌទ្រោមសុខភាពទាំងមូល ហើយនឹងត្រូវប្រើឱសថដែលត្រូវការវេជ្ជបញ្ជា។ សារធាតុញៀនទាំងនេះ អាចបង្កជាជំងឺជាច្រើនផ្សេងទៀត បើប្រើ ឬញ៉ាំច្រើន។
១០. ធាត់ស្អៀច :
ភាពធាត់ស្អៀច គឺជាកត្តាហានិភ័យសុខភាពរបស់មនុស្សវ័យចំណាស់សម្រាប់ជំងឺបេះដូង ជំងឺទឹកនោមផ្អែម មហារីក និងបញ្ហាសុខភាពរ៉ាំរ៉ៃទាំងអស់ដែលប៉ះទង្គិចដល់ជីវិតបាន។ មនុស្សចាស់ដែលមិនមានសកម្មភាពដូចមុន ក៏អាចជាសញ្ញាមួយទៀតដែរ។
១១. ធ្លាក់ទឹកចិត្ត :
ជំងឺធ្លាក់ទឹកចិត្តមានគ្រោះថ្នាក់ ព្រោះវាអាចធ្វើឱ្យភាពស៊ាំធ្លាក់ថយចុះ ហើយធ្វើឱ្យខ្សោយដល់សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការប្រយុទ្ធនឹងការបង្ករោគ។ លើសពីនេះ វារំខានដល់របបអាហារ និងបែបផែនជីវិតរស់នៅ ដោយបង្កនូវអាហារូបត្ថម្ភមិនប្រក្រតី និងហានិភ័យសុខភាពដទៃទៀត។
១២. ជំងឺពុកឆ្អឹង :
ជំងឺពុកឆ្អឹងបណ្ដាលឱ្យម៉ាសឆ្អឹងមានកម្រិតទាប។ វាធ្វើឱ្យមនុស្សចាស់ប្រឈមនឹងហានិភ័យនៃការបាក់ឬប្រេះឆ្អឹង ដែលអាចនាំឱ្យសុខភាពមិនល្អ និងបន្ថយគុណភាពនៃជីវិត។
១៣. ទល់លាមក :
មិនអាចបន្ទោបង់ និងទល់លាមក ជាធម្មតាច្រើនកើតទៅលើមនុស្សចាស់។ មនុស្សចាស់គួរតែញ៉ាំអាហារដែលផ្ដល់សុខភាពល្អ និងហាត់ប្រាណឱ្យបានទៀតទាត់ និងកុំខ្មាសអៀនក្នុងការចែករំលែកព័ត៌មានទាំងនេះទៅសមាជិកគ្រួសារ និងគ្រូពេទ្យ។
១៤. ជំងឺឆ្លង :
សមត្ថភាពផ្លូវភេទអាចនឹងប្រែប្រួលនៅពេលអាយុកាន់តែច្រើន ប៉ុន្តែចំណង់ (ផ្លូវភេទ) នៅតែមាន។ មនុស្សចាស់មិនប្រើស្រោមអនាម័យ រាល់ការរួមភេទជាមួយដៃគូខាងក្រៅ ខណៈប្រព័ន្ធភាពស៊ាំខ្សោយផង អាចឆ្លងជំងឺ ទាំងកាមរោគ ជំងឺអេដស៍ និងប្រភេទជំងឺឆ្លងជាច្រើនទៀតបាន។
## Source : HelloKrupet


No comments

Powered by Blogger.