Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


Fatty Liver ( ជំងឺខ្លាញ់រុំថ្លើម )

 លក្ខណៈទូទៅ

ជំងឺខ្លាញ់រុំថ្លើម (Fatty Liver) គឺជាស្ថានភាពដែលមានការប្រមូលផ្ដុំនៃសារធាតុខ្លាញ់ទ្រីគ្លីសេរីត (Triglyceride) នៅផ្នែកខាងក្នុងនៃកោសិកាថ្លើម។ • អ្នកដែលមានជំងឺខ្លាញ់រុំថ្លើម អាចកើតមានរោគសញ្ញាដូចជានឿយហត់ ឬ អារម្មណ៍មិនស្រួលតិចតួចនៅផ្នែកពោះ ប៉ុន្តែ គេមិនសង្កេតឃើញមានរោគសញ្ញាពិសេសក្រៅពីនេះនោះទេ។ • ដើម្បីធ្វើរោគវិនិច្ឆ័យឬដើម្បីស្វែងរកមូលហេតុជំងឺនិងទំហំនៃស្ថានភាពជំងឺ គេចាំបាច់ត្រូវធ្វើការវិភាគជាលិកាថ្លើម(Liver biopsy)។ * វេជ្ជបណ្ឌិតព្យាបាលជំងឺដោយផ្តោតលើការគ្រប់គ្រងឬបំបាត់មូលហេតុនៃជំងឺដែលអាចរួមមានជំងឺបណ្តាលមកពីទម្លាប់រស់នៅ(Metabolic syndrome)ឬការពិសាគ្រឿងស្រវឹងហួសកម្រិត។

មូលហេតុទូទៅច្រើនជាងគេដែលបង្កជាជំងឺខ្លាញ់រុំថ្លើម រួមមាន ការពិសាគ្រឿងស្រវឹងច្រើន ការលើសទម្ងន់ សារធាតុពុល ការប្រើប្រាស់ឱសថមួយចំនួន ជំងឺទាក់ទងនឹងមេតាបូលីសក្នុងរាងកាយលក្ខណៈតំណពូជ ស្ថានភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយដូចជាការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម ។ល។ ករណីអ្នកជំងឺមានកត្តាលើសទម្ងន់ ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) និង ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម ស្របពេលគ្នា គេសន្មតថាអ្នកជំងឺមានជំងឺ បណ្តាលមកពីទម្លាប់រស់នៅ(Metabolic syndrome)។ កត្តាទាំងនេះសុទ្ធសឹងជាមូលហេតុធ្វើអោយការសំយោគសារធាតុខ្លាញ់នៅក្នុងរាងកាយកើនឡើង និងដំណើការកម្ចាត់ឬបញ្ចេញចោលជាតិខ្លាញ់មាន លក្ខណៈយឺតយ៉ាវជាងធម្មតា ជាលទ្ធផល សារធាតុខ្លាញ់ច្រើននឹងប្រមូលផ្តុំនៅក្នុងកោសិកាថ្លើម។ សារធាតុខ្លាញ់ដែលផ្ដុំគ្នានៅក្នុងកោសិកាថ្លើមនឹងស្ថិតនៅបែបនេះរហូតតទៅ។ ដូច្នេះ មូលហេតុនៃជំងឺខ្លាញ់រុំថ្លើម មិនមែនដោយសារត្រឹមតែការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះទេ។ ករណីកម្រនោះគឺសារធាតុខ្លាញ់អាចប្រមូលផ្តុំច្រើននៅក្នុងថ្លើមក្នុងអំឡុងពេលដំណាក់កាលពាក់កណ្តាលចុងក្រោយនៃការមានផ្ទៃពោះរបស់ស្ត្រី។ ស្ថានភាពបែបនេះត្រូវបានគេហៅថា ជំងឺខ្លាញ់រុំថ្លើមដោយសារការ មានផ្ទៃពោះ (Fatty liver of pregnancy ឬ Microvascular steatosis) ដោយគេចាត់ទុកថាជាជំងឺដែលខុសប្លែកពីជំងឺខ្លាញ់រុំថ្លើមទូទៅ។ ជំងឺខ្លាញ់រុំថ្លើមអាចបង្កជាអាការៈរលាកថ្លើមឬក៏មិនបង្កជាអាការៈរលាកថ្លើមនោះទេ។ ករណីកើតមានការរលាកនៅក្នុងថ្លើម ជាលិកានៅទីនោះអាចប្រែជាក្រិន ដែលអាចវិវត្តទៅជាជំងឺក្រិនថ្លើម។ ជំងឺខ្លាញ់រុំថ្លើមដែលកើតឡើងដោយសារស្ថានភាពក្រៅពីការពិសាគ្រឿងស្រវឹងច្រើន ហៅថា ជំងឺខ្លាញ់រុំថ្លើមមិនបង្កដោយគ្រឿងស្រវឹង (Non-alcoholic fatty liver disease, NAFLD)។ ជំងឺNAFLD ច្រើន ត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានកត្តានៃជំងឺបណ្តាលមកពីទម្លាប់រស់នៅ(Metabolic syndrome)យ៉ាងហោចណាស់ចំនួន1ក្នុងចំណោមកត្តាដូចខាងក្រោម៖ • លើសទម្ងន់ * ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) • ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម។ ស្ថានភាពរលាកថ្លើមដែលបណ្តាលមកពីជំងឺNAFLD ហៅថា Non-alcoholic steatohepatitis (NASH)។ ការរលាកបែបនោះអាចវិវត្តទៅជាស្ថានភាពក្រិនថ្លើម។ សង្ខេបនៃមូលហេតុទូទៅដែលបង្កជាជំងឺខ្លាញ់រុំថ្លើម · ការពិសាគ្រឿងស្រវឹងច្រើនហួសកម្រិត • ភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយ (ការលើសទម្ងន់ ការថយចុះនៃប្រសិទ្ធិភាពមុខងារអរម៉ូនអាំងស៊ុយលីន(Insulin resistance) ការកើនឡើងនៃកម្រិតទ្រីគ្លីសេរីតក្នុងឈាម) • ការប្រើប្រាស់ឱសថមួយចំនួន (ឱសថប្រភេទស្តេរ៉ូអ៊ីត(Corticosteroid) ឱសថTamoxifen) • ការមានផ្ទៃពោះ • ការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីកប្រភេទមួយចំនួន។

រោគសញ្ញា

ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមមិនបង្កជារោគសញ្ញាគួរអោយកត់សម្គាល់អ្វីនោះទេ។ អ្នកជំងឺមួយចំនួន អាចមានរោគសញ្ញាដូចជា នឿយហត់ ឬ អារម្មណ៍មិនស្រួលនៅផ្នែកពោះ។ នៅក្នុងជំងឺនេះ សរីរាង្គថ្លើមច្រើនរីក ធំជាងមុន ដែលវេជ្ជបណ្ឌិតអាចស្នាបដឹងនៅពេលធ្វើការពិនិត្យរាងកាយរបស់អ្នកជំងឺ។

រោគវិនិច្ឆ័យ

• ការពិនិត្យឈាម

• ការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេក្ខ ជាដើម

• ការវិភាគជាលិកាថ្លើម (Liver biopsy) (ពេលខ្លះ)

នៅពេលសង្ស័យថាជាជំងឺខ្លាញ់រុំថ្លើម វេជ្ជបណ្ឌិតនឹងសាកសួរអ្នកជំងឺទាក់ទងនឹងទម្លាប់នៃការពិសាគ្រឿងស្រវឹង។ ព័ត៌មាននេះមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកជំងឺនៅតែបន្តការពិសាគ្រឿងស្រវឹងក្នុង កម្រិតច្រើនហួសហេតុ សរីរាង្គថ្លើមនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ។ អាការៈរលាកអាចវិវត្តទៅជាជំងឺក្រិនថ្លើម ដូច្នេះ ការពិនិត្យឈាមមានសារៈសំខាន់ណាស់ដើម្បីដឹងអំពីស្ថានភាពរបស់ថ្លើមទាក់ទងនឹងការរលាកជាដើម។ ការពិនិត្យបន្ថែមផ្សេងទៀតអាចរួមមាន ការពិនិត្យរកជំងឺ រលាកថ្លើមដោយសារវីរុសជាដើម ដើម្បីជម្រុះនូវមូលហេតុផ្សេងទៀតដែលបង្កភាពខុសប្រក្រតីនៅសរីរាង្គថ្លើម។ ការពិនិត្យអេកូ ឬ ការពិនិត្យCT ឬ ការពិនិត្យMRI ជាដើម ទៅលើផ្នែកពោះអាចអោយគេពិនិត្យ

ឃើញការផ្ទុកសារធាតុខ្លាញ់ច្រើនហួសហេតុនៅក្នុងសរីរាង្គថ្លើម ប៉ុន្តែ ការពិនិត្យទាំងនេះមិនអាចអោយគេវាយតម្លៃទៅលើវត្តមាននៃស្ថានភាពរលាកឬក្រិននៅសរីរាង្គថ្លើមបាននោះទេ។ រោគវិនិច្ឆ័យមានលក្ខណៈច្បាស់លាស់នៅពេលគេអនុវត្តការវិភាគជាលិកាថ្លើម (Liver biopsy)។ នៅក្នុងការពិនិត្យនេះ ដំបូងវេជ្ជបណ្ឌិតនឹងទប់ស្កាត់អាការៈឈឺចាប់ដោយប្រើថ្នាំស្លឹក មុននឹងសិកមូលវែងដែល មានប្រហោងខាងក្នុងចូលតាមស្បែករហូតដល់សរីរាង្គថ្លើម ដើម្បីទាញយកបំណែកជាលិកាថ្លើមបន្តិចមកពិនិត្យក្រោមមីក្រូទស្សន៍។ ការវិភាគជាលិកាថ្លើមបែបនេះមានប្រយោជន៍អាចអោយគេវាយតម្លៃថាជាជំងឺ ខ្លាញ់រុំថ្លើមឬមិនមែន ហើយអាចដឹងថាជាមូលហេតុបណ្តាលមកពីគ្រឿងស្រវឹងឬមូលហេតុផ្សេងទៀត និង អាចវាយតម្លៃលើកម្រិតធ្ងន់ធ្ងរនៃការខូចខាតនៅក្នុងថ្លើម។

ការវិវត្តនៃជំងឺ

សារធាតុខ្លាញ់ដែលលើសច្រើននៅក្នុងថ្លើមមិនមែនសុទ្ធតែជាបញ្ហាធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ប្រសិនបើការពិសាគ្រឿងស្រវឹងជាមូលហេតុនៃជំងឺនេះ សារធាតុខ្លាញ់ទាំងនោះនឹងបាត់ទៅវិញ ក្រោយពេលដែល អ្នកជំងឺឈប់ប្រើប្រាស់គ្រឿងស្រវឹងរយៈពេល6សប្តាហ៍។ ប៉ុន្តែ គេមិនស្វែងរកមូលហេតុច្បាស់លាស់ ហើយមិនគ្រប់គ្រងកម្រិតនៃសារធាតុខ្លាញ់ដែលចេះតែកើនច្រើនឡើងៗនៅក្នុងថ្លើម នោះជំងឺនេះនឹងវិវត្តទៅជា ស្ថានភាពធ្ងន់ធ្ងរ។ ឧទាហរណ៍ ករណីអ្នកដែលមានជំងឺខ្លាញ់រុំថ្លើមនៅតែបន្តការពិសាគ្រឿងស្រវឹងក្នុងកម្រិតច្រើនឬប្រើប្រាស់ឱសថដែលមានផលរំខានជាខ្លាញ់រុំថ្លើម នោះការខូចខាតទៅលើថ្លើមនឹងកើតឡើងម្តង ហើយម្តងទៀត រហូតដល់វិវត្តទៅជាជំងឺក្រិនថ្លើម។ ជំងឺខ្លាញ់រុំថ្លើមដោយសារការមានផ្ទៃពោះអាចវិវត្តទៅមុខ ដោយផ្តល់ជាលទ្ធផលមិនល្អប្រសើរនោះទេ។

ការព្យាបាល

• ការគ្រប់គ្រងឬបំបាត់មូលហេតុដែលបង្កជាជំងឺខ្លាញ់រុំថ្លើម ការព្យាបាលជំងឺខ្លាញ់រុំថ្លើមផ្តោតលើការគ្រប់គ្រងលើមូលហេតុដែលបង្កអោយមានជំងឺនេះ ឬ ត្រូវព្យាយាមបំបាត់មូលហេតុទាំងនោះតែម្តង។ ឧទាហរណ៍ អ្នកជំងឺគួរអនុវត្តនូវចំណុចដូចខាងក្រោម៖ + ឈប់ប្រើប្រាស់ឱសថដែលអាចផ្តល់ផលរំខានជាខ្លាញ់រុំថ្លើម

+ បញ្ចុះទម្ងន់ + គ្រប់គ្រងជំងឺទឹកនោមផ្អែម និង អនុវត្តវិធីធ្វើអោយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីតក្នុងឈាមថយចុះ

+ ឈប់ពិសាគ្រឿងស្រវឹង

ការប្រើប្រាស់ឱសថវិតាមីនEឬឱសថព្យាបាលជំងឺទឹកនោមផ្អែមប្រភេទThiazolidinediones (ឱសថRosiglitazoneឬឱសថPioglitazone ជាដើម) អាចមានប្រសិទ្ធិភាពមួយកម្រិតនៅក្នុងការព្យាបាល ជំងឺខ្លាញ់រុំថ្លើមដែលមិនមែនបណ្តាលមកពីការពិសាគ្រឿងស្រវឹង។




No comments

Powered by Blogger.