ស្រីៗត្រូវយកចិត្តទុកដាក់ ជំងឺមហារីកក្រពេញអូវែ
តើមហារីកក្រពេញអូវែជាអ្វី?
ជំងឺមហារីកនេះបណ្ដាលមកពីក្រពេញអូវែ។ ករណីភាគច្រើនគឺទាល់តែរាតត្បាតដល់ក្នុងអាងត្រគាកនិងក្នុងពោះហើយទើបរកឃើញថាមានមហារីកដែលធ្វើឲ្យពិបាកក្នុងការព្យាបាល។
ធ្វើយ៉ាងណាទើបដឹងថាមានមហារីកក្រពេញអូវែ?
ក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកក្រពេញអូវែគឺមិនមានរោគសញ្ញាទេ។ ប្រសិនបើមានរោគសញ្ញាវិញច្រើនច្រឡំថាជាសញ្ញាដែលមិនគួរឲ្យបារម្ភដូចជាទល់លាមកជាដើម។សញ្ញាដែលឧស្សាហ៍ជួបប្រទះជាងគេគឺ៖
ហើមពោះ
មានការហើមនៅម្ដុំពោះ
ឆាប់ឆ្អែត
ស្រកទម្ងន់
ឈឺនៅអាងត្រគាក
ពោះវៀនដើរមិនស្រួល
នោមញឹក
ក្នុងករណីមានសញ្ញាដែលបារម្ភថាមានជំងឺមហារីកគួរប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជាពិសេសក្នុងករណីដែលក្នុងគ្រួសារធ្លាប់មានប្រវត្តិមានជំងឺមហារីកក្រពេញអូវែ និងមហារីកដោះ។
រោគវិនិច្ឆ័យ
អ្នកចាំបាច់ត្រូវមានការពិនិត្យកាយសម្បទានិងអាងត្រគាកដោយគ្រូពេទ្យព្រមទាំងត្រូវធ្វើតេស្តរូបភាពវេជ្ជសាស្ត្រក៏ដូចជាតេស្តឈាមព្រមទាំងការច្រឹបសាច់ទៅពិនិត្យដើម្បីកំណត់រោគវិនិច្ឆ័យ។
ជម្រើសនៃការព្យាបាល
ការព្យាបាលគឺអាស្រ័យលើដំណាក់កាលនៃមហារីកនៅពេលដែលរកឃើញ។ ជំងឺមហារីកក្រពេញអូវែមាន៤ដំណាក់កាល៖
ដំណាក់កាលទី១៖ មហារីកនៅលើតែក្រពេញអូវែទាំង២ប៉ុណ្ណោះ
ដំណាក់កាលទី២៖ កោសិកាមហារីករាតត្បាតដល់ក្នុងអាងត្រគាក
ដំណាក់កាលទី៣៖ កោសិកាមហារីកចូលទៅដល់ក្នុងពោះ
ដំណាក់កាលទី៤៖ កោសិកាមហារីករាតត្បាតចេញពីតំបន់ពោះនិងអាងត្រគាកចេញទៅក្រៅ
ជម្រើសផ្សេងទៀតដូចជាការវះកាត់និងការព្យាបាលដោយគីមី
ការវះកាត់៖ ត្រូវយកចេញនូវក្រពេញអូវែទាំង២ ជាមួយនឹងដៃស្បូន ស្បូន និងតំបន់ទាំងឡាយណាដែលនៅក្បែរហើយមានកោសិកាមហារីក។ ក្នុងករណីមានការកំណត់ថាមានមហារីកដំណាក់កាលដំបូងអ្នកអាចនឹងត្រូវកាត់យកចេញតែផ្នែកខ្លះនៃដៃស្បូនប៉ុណ្ណោះហើយអ្នកនៅអាចមានលទ្ធភាពក្នុងការមានកូនបាន។
ការព្យាបាលដោយគីមី៖ គឺចាំបាច់បន្ទាប់ពីវះកាត់ដើម្បីកម្ចាត់ចោលឲ្យអស់នូវកោសិកាមហារីកដែលនៅសេសសល់។ ថ្នាំគីមីអាចត្រូវប្រើតាមសរសៃ ឬចូលទៅក្នុងពោះផ្ទាល់ ឬទាំង២ប្រភេទតែម្ដងក៏មាន។ ស្ត្រីដែលមានមហារីកដំណាក់កាលចុងក្រោយអាចត្រូវប្រើថ្នាំគីមីនៅពេលព្យាបាលដំបូង។វិធីដោះស្រាយពេលមានជំងឺមហារីកក្រពេញអូវែ
នៅពេលដែលដឹងថាមានមហារីកក្រពេញអូវែ គឺជាពេលវេលាមួយដែលគ្មានអ្នកណាអាចទទួលយកបាននោះទេតែវាជាការចាំបាច់សម្រាប់អ្នកជំងឺដើម្បីនិយាយគ្នាពិសេសអ្នកដែលខ្លួនទុកចិត្ត។ ក្នុងករណីអ្នកមិនអាចនិយាយប្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្ដិបានអ្នកអាចស្វែងរកក្រុមអ្នកលើកទឹកចិត្តដើម្បីនិយាយ និងពិភាក្សាពីកង្វល់ដែលអ្នកជួបប្រទះបាន។ ដើម្បីប្រឆាំងនឹងជំងឺមហារីកនេះគឺត្រូវការកម្លាំងចិត្តច្រើនដែលអ្នកជំងឺគួរតែបើកចិត្តទទួលយកអ្វីដែលអ្នកជុំវិញខ្លួនអាចផ្ដល់ឲ្យ។ ប៉ុន្តែត្រូវតែទទួលស្គាល់ការពិតពីអ្វីដែលកើតឡើងក្នុងអនាគតកាលអំពីជំងឺនេះ។ ជាចុងក្រោយគួរតែញ៉ាំអាហារសុខភាពដែលមានជីវជាតិគ្រប់គ្រាន់ កាត់បន្ថយស្ត្រេស និងកុំបាក់ទឹកចិត្តពេលទៅទទួលការព្យាបាលម្ដង។

No comments