Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


សំណួរ&ចម្លើយមួយចំនួនទាក់ទងទៅនិងជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមមានប្រភេទអ្វីខ្លះ?

ជំងឺទឹកនោមផ្អែមបែងចែកជាប្រភេទខុសៗគ្នាដូចជា៖ 

-ជំងឺទឹកនោមផ្អែមប្រភេទ១ (T1D)៖ ត្រូវបានដឹង​ថាជាជំងឺដែលពឹងផ្អែកលើអាំងស៊ុយលីនឬជំងឺទឹកនោមផ្អែមនៅវ័យក្មេង។ អង់ទីក័រ វាយប្រហារលំពែងនិង​ធ្វើ ឱ្យចុះខ្សោយសមត្ថភាពផលិតអាំងស៊ុយលីន។ 

-ជំងឺទឹកនោមផ្អែមប្រភេទទី ២(T2D)៖ ត្រូវបានគេចាត់ទុកថាស្រាលជាង ជំងឺទឹកនោមផ្អែមប្រភេទ ១ ហើយជំងឺ​នេះ​កើត​ឡើង​ដោយ​តាម​ការ​រស់នៅរបស់​យើង។ បញ្ហាលើស​ទម្ងន់អាចបណ្តាលឱ្យមានការ​ប៉ះ​ពាល់​ទៅ​លើ​អាំងស៊ុយលីន ដែលកោសិកាមិនឆ្លើយតបទៅនឹងអាំងស៊ុយលីន។ មានន័យថា អាំងស៊ុយលីនដែលផលិតដោយលំពែង មិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមយើង​ទេ។ 

-ជំងឺទឹកនោមផ្អែមពេលមានគភ៌ កើតឡើងចំពោះ ស្ត្រីមានផ្ទៃពោះមួយចំនួន ដែល​បង្កឱ្យមានការប្រឆាំងអាំងស៊ុយលីន។ ដោយសារជាតិស្ករក្នុងឈាមធ្វើដំណើរឆ្លងកាត់សុករបស់ម៉ាក់ៗទៅទារក វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យជំងឺទឹកនោមផ្អែមពេលមានគភ៌ដើម្បីឱ្យទារកមានសុវត្ថិភាពនិងសុខ ភាពល្អ។

រោគសញ្ញាសម្គាល់ទូទៅនៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

យើង​អាច​មាន​ជំងឺទឹកនោមផ្អែមប្រសិនបើមាន​រោគសញ្ញាដូចជា៖ 

- មានអារម្មណ៍ស្រេកទឹកខុស​ពី​ធម្មតា ឬឧស្សាហ៍​ស្រេកទឹក 

- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ 

- នោមញឹក ឃើញស្រមោចនៅក្នុង​ទឹកនោម 

- មានអារម្មណ៍ឃ្លានខ្លាំង 

- ព្រិលភ្នែកឬខ្សោយ​ភ្នែក 

- មានអារម្មណ៍អស់កម្លាំងនិងឆាប់ខឹងជាប្រចាំ 

- មិន​ងាយ​ជា​សះ និងមានដំបៅញឹកញាប់

ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យបែបណា​?

ជំងឺទឹកនោមផ្អែមត្រូវធ្វើរោគវិនិច្ឆ័យដោយការធ្វើ តេស្តឈាម ដើម្បីពិនិត្យជាតិស្ករក្នុងឈាម ឬកម្រិតជាតិ គ្លុយកូសក្នុងឈាម។ យើងអាចធ្វើតេស្តកម្រិតគ្លុយកូសក្នុងឈាម ដោយការធ្វើតេស្តចំនួនបីប្រភេទ៖ 

- ការធ្វើតេស្តជាតិស្ករមុនញ៉ាំអាហារ

- ការធ្វើតេស្តជាតិស្ករក្រោយញ៉ាំអាហារ 

- និងការធ្វើតេស្ត A1C ។ ប្រសិនបើកម្រិតជាតិគ្លុយកូសក្នុងឈាមខ្ពស់ជាងកម្រិតធម្មតា នោះយើងអាចធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម។ សាកសួរគ្រូពេទ្យអំពីការធ្វើតេស្តទាំងនេះ និងកម្រិតជាតិស្ករដែលសមស្របសម្រាប់យើង។

កម្រិតជាតិស្ករប៉ុនណាដែលស័ក្តិសមសម្រាប់ខ្ញុំ? ប្រសិនបើកម្រិតជាតិស្កររបស់ខ្ញុំឡើងដល់១២០ ទៅ២០០ តើមានបញ្ហាដែរទេ?

ជាទូទៅ កម្រិតជាតិស្ករក្នុងឈាមរបស់យើងគួរតែមានចន្លោះពី ៨០ ទៅ ១៣០មីល្លីក្រាម/ដេស៊ីលីត្រ មុនពេលញ៉ាំអាហារ និងតិចជាង ១៨០មីល្លីក្រាម/ដេស៊ីលីត្រ នៅរយៈពេលពីរម៉ោងក្រោយញ៉ាំអាហារ។ ពោលគឺ ជាតិស្ករក្នុងឈាមដែលសមស្របសម្រាប់យើងអាចខុសគ្នាអាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងកត្តាផ្សេងៗ។ គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតជាតិស្ករក្នុងឈាមដែលស័ក្តិសមសម្រាប់យើង។

ប្រសិនបើខ្ញុំមានជំងឺទឹកនោមផ្អែម តើខ្ញុំអាចញ៉ាំអាហារប្រភេទអ្វីខ្លះ? តើខ្ញុំត្រូវញ៉ាំរបបអាហារដែលមានកាបូអ៊ីដ្រាតទាបដែរទេ?

ទោះបីជាយើងអាចញ៉ាំអាហារដែលខ្លួនចូលចិត្តបានខ្លះក៏ដោយ ប៉ុន្តែត្រូវញ៉ាំក្នុងកម្រិតមួយសមល្មម។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាអំពីរបបអាហារពិសេសសម្រាប់យើង ដោយបញ្ចូលផែនការរបបអាហារដែលមានតុល្យភាពដែលផ្តោតលើបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីន និងទឹកដោះគោមានជាតិខ្លាញ់ទាប។ យើងគួរកាត់បន្ថយអាហារចៀន អាហារប្រៃ និងផ្អែម ដូចជាទឹកផ្លែឈើ សូដា និងបង្អែម។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែមមិនអាចញ៉ាំជាតិស្ករបានទេ?តើខ្ញុំអាចញ៉ាំអាហារដែលគ្មានជាតិស្ករច្រើន តាមតម្រូវការដែរទេ?

ទោះបីជារបបអាហារមិនល្អ រួមទាំងការញ៉ាំផ្អែមច្រើនពេក អាចធ្វើឲ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែមខ្ពស់ក៏ដោយ នេះមិនមានន័យថាយើងមិនអាចញ៉ាំអាហារដែលមានជាតិស្ករនោះឡើយ ប្រសិនបើយើងកើតជំងឺទឹកនោមផ្អែម។ យើងអាចញ៉ាំអាហារផ្អែមម្តងម្កាល ដរាបណាអាហារទាំងនោះជាផ្នែកមួយនៃរបបអាហារសុខភាព និងមានតុល្យភាព។ ស្ករក៏មានប្រយោជន៍ផងដែរ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង។ ថ្វីត្បិតជម្រើសអាហារដែលគ្មានជាតិស្ករមានភាពប្រសើរជាង ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម អាហារជំនួសជាតិស្ករមួយចំនួនមានផ្ទុកជាតិកាបូអ៊ីដ្រាត ដែលបំប្លែងទៅជាជាតិស្ករក្នុងរាងកាយ និងអាចបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ យើងមិនគួរញ៉ាំអាហារដែលគ្មានជាតិស្ករច្រើនលើសកម្រិតនោះទេ។ ជារួម អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​តែ​ផ្តោត​លើរបប​អាហារ​ដែល​មាន​សុខភាព​ល្អ។

តើអាំងស៊ុយលីនអាចព្យាបាលជំងឺទឹកនោមផ្អែមជាសះស្បើយបានទេ?

អាំងស៊ុយលីនមិនអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទាំងស្រុងបានឡើយ។ បច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ យ៉ាងណាមិញ ការព្យាបាលដោយអាំងស៊ុយលីនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែមរបស់យើង និងការពារផលវិបាកសុខភាពផ្សេងទៀតដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ ពោល​គឺ ​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​ពឹង​ផ្អែក​លើ​អាំងស៊ុយលីន​តែ​ឯង​បាន​ទេ។ ការបន្តការព្យាបាល រួមផ្សំនឹងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ និងយូរអង្វែង មានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

​តើ​អ្នក​​ជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​កើត​ជំងឺគ្រុន​ផ្តាសាយ និង​ជំងឺ​ផ្សេងៗ​ដែរ​​ទេ​?

ដោយសារតែប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺចុះខ្សោយ អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗទៀត។ អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺគ្រុន​ផ្ដាសាយ។ ទោះបីជាការគ្រប់គ្រងស្ថានភាពជំងឺបានល្អក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែម មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលអាចឈានដល់ការសម្រាកនៅមន្ទីរពេទ្យ ឬកាន់តែធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក៏មាន។ ផលវិបាកទាក់ទងនឹងជំងឺគ្រុនផ្តាសាយរួមមាន រលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹងចម្រុះ ឬការបង្ករោគនៅត្រចៀក។ ការធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនផ្តាសាយក៏អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់យើងផងដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនយើង ពីជំងឺគ្រុនផ្តាសាយ និងជំងឺផ្សេងៗគឺត្រូវចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ និងបន្តអនុវត្តវិធានការបង្ការដែលកំណត់ដោយក្រសួងសុខាភិបាលក្នុងតំបន់។

កត្តាហានិភ័យដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

អ្នកខ្លះអាចមានកត្តាហានិភ័យជាក់លាក់ ដែលអាចនាំ ឲ្យមានការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ កត្តាហានិភ័យទាំងនេះ រួមមាន៖ 

-ប្រវត្តិគ្រួសារ

-លើសទម្ងន់

-មិនសូវបញ្ចេញសកម្មភាពរាងកាយ

-សម្ពាធឈាមខ្ពស់ ឬលើសសម្ពាធឈាម

-អាយុច្រើន

-ជំងឺគីសទឹកក្រពេញអូវែ

​តើយើងគួរ​ធ្វើ​ដូចម្តេច ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​?

មានជំហានដែលយើងអាចអនុវត្តបាន ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ជំហានទាំងនេះរួមមាន៖ - សម្រកទម្ងន់បន្ថែម និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានបង្ហាញថា ការស្រកទម្ងន់ប្រហែល ៥% ទៅ ៧% នៃទំងន់ខ្លួន អាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។ របបអាហារ និងការធ្វើលំហាត់ប្រាណនឹងជួយយើងឱ្យស្រកទម្ងន់បន្ថែម គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អំពីវិធីសាស្រ្តសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព។ - បញ្ចេញសកម្មរាងកាយឲ្យបានច្រើន។ សូម្បីតែការហាត់ប្រាណត្រឹមតែ ៣០ នាទីក្នុងមួយថ្ងៃ ឬ១៥០ នាទីក្នុងមួយសប្តាហ៍ ក៏អាចជួយការពារខ្លួនយើងពីជំងឺទឹកនោមផ្អែមបានដែរ។ ការហាត់ប្រាណអាចជួយយើងក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់ខ្លួនឱ្យសមល្មម ហើយក៏បន្ថយជាតិស្ករក្នុងឈាម ព្រមទាំងបង្កើនភាពរំញោចនឹងអាំងស៊ុយលីន។ គួរយកចិត្តទុកដាក់លើរបបអាហាររបស់យើង ដោយរៀបចំផែនការរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព រួមទាំងបន្លែ និងខ្លាញ់មិនឆ្អែត។ គួរតមអាហារសម្រកទម្ងន់លឿន និងញ៉ាំរបបអាហារដែលមានសារធាតុចិញ្ចឹមល្អៗជំនួសវិញ។

ការពិតប្លែកៗអំពីជំងឺទឹកនោមផ្អែម

ខាង​ក្រោម​នេះ​ជាការពិត​មួយ​ចំនួន​ដែល​យើងប្រហែល​មិន​បាន​ដឹង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម៖ ជាង ៦០% នៃអ្នកជំងឺទឹកនោមផ្អែមរស់នៅក្នុងទ្វីបអាស៊ី។ ប្រទេស​ចិន និង​ឥណ្ឌា​ជា​ប្រទេស​មាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ ១១៦ លាន​នាក់ និង ៧៧ លាន​នាក់។ ក្នុង​ករណី​ដែលភ្នែករបស់យើងមើលច្បាស់​ភ្លាមៗ នោះ​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។ ការចាល់ទឹក អាចស្រដៀងទៅនឹងការជួសជុលកញ្ចក់កែវភ្នែកឲ្យល្អឡើងវិញចំពោះមនុស្សមួយចំនួន! អាំងស៊ុយលីន "មនុស្ស" សំយោគដំបូងត្រូវបានផលិតនៅឆ្នាំ ១៩៧៨ ដោយប្រើបាក់តេរី E.coli ។


## Source: HelloKrupet


2 comments:

  1. លោកគ្រូខ្ញុំសុំលេខឡានពេទ្យមួយតើបានទេ។

    ReplyDelete
    Replies
    1. ☎️ រថយន្តសង្រ្គោះបន្ទាន់ ៖ ១១៩ / ០១៥ ៧១៦ ៥០៥
      ☎️ ផ្នែកសំរាលកូន ៖ ០៩៦ ៣០៦ ៨៩០៨ ឬ ០៩៧ ៤៣៧ ៩៨០៣
      ☎️ គណៈកម្មការមន្ទីរពេទ្យ ៖ ០១២ ៨៦៤ ៦៨៤

      Delete

Powered by Blogger.