Header Ads



ជំរាបសួរ​🙏🙏🙏 លោកពូអ្នកមីង ពុកម៉ែ បងប្អូនជាទីស្រលាញ់ អរគុណសម្រាប់ការចូលមកកាន់គេហទំព័រនៃ មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ឆ្លៀតឱកាសនេះខ្ញុំបាទសូមបង្ហាញអំពីសេវា នៃមន្ទីរពេទ្យខាងយើងខ្ញុំសម្រាប់ក្នុងការបម្រើជូនពុកម៉ែ បងប្អូនជាទីស្រលាញ់ រួមមាន ៖ សេវាពិនិត្យជំងឺក្រៅ-ឯកទេស សម្រាកព្យាបាល២៤ម៉ោង/៧ , សេវាវះកាត់តូច , សេវាសង្គ្រោះបន្ទាន់ , សេវាសុខភាពមាត់ធ្មេញ , សេវាសម្ភព-រោគស្រ្តី , សេវារបេង & អេដស៌ (លើកលែងបង់ថ្លៃ) , សេវាអេកូ-អ៉ិចរ៉េ , សេវាមន្ទីរពិសោធន៌ ដែលក្នុងនោះខាងមន្ទីរពេទ្យយើងខ្ញុំទទួលនូវ ប័ណ្ឌ បសស - មូលនិធិសមធម៌ និង បង់ប្រាក់ទូទៅ ។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តក្នុងការរួមគ្នាធ្វើអោយប្រសើរឡើង នៃសេវាកម្មនៅមន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ដើម្បីប្រជាជនយើង និងសហគមន៌ ប្រទេសជាតិទាំងមូល ម្យ៉ាងវិញទៀតសូមជូនពរ លោកពូអ្នកមីង ពុកម៉ែ បងប្អូនអោយជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកសម្ដេចឳសម្ដេចម៉ែ ជុំទី៣ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

  រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាក្រុមការងារពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែក សម្ដេចឳ សម្ដេចម៉ែ ជុំទី៣ ឆ្នាំ២០២៤ ។ គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖

(១)ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ
(២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច
(៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង
(៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី បានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួងបានឱ្យឃើញមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យ បង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែមនឹងត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ជំរុញលើកទឹកចិត្តដល់ការបន្តអនុវត្តការងារមួយចំនួនដូចជា៖
១. បន្តអនុវត្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ
២. បន្តអនុវត្តសកម្មភាពបម្រើសេវា ដោយបន្តការផ្តល់បម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង
៣. ទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការនិងប្រជាជនមកទទួលសេវាព្យាបាល
៤. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺដោយបំពាក់ឧបករណ៍ គ្រប់គ្រងហនិភ័យ ប្រកបដោយបច្ចេកទេស ដើម្បី ធានាបានសុវត្ថិភាពខ្ពស់ និងទាន់ពេលវេលា
៥. បន្តអនុវត្តការរៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ គោរពឋានានុក្រមការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ
៦. បន្តអនុវត្តការពង្រឹងការងារប្រជុំបច្ចេកទេស និង ពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម បន្តចែករំលែកឱ្យបានទូលំទូលាយស្តីពីការ បណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានឧទ្ទេសនាមដោយ ផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
៧. បន្តអនុវត្តការផ្សព្វផ្សាយសារអប់រំសុខភាព និងផ្សព្វផ្សាយសំដៅការលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវជូនប្រជាជន
៨. បន្តអនុវត្តការថែទាំទុកដាក់ឱសថ បរិក្ខារ សម្ភារៈ ឱ្យបានត្រឹមត្រូវ
៩. បន្តអនុវត្តការរៀបចំផ្នែកបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ និងណែនាំអ្នកជំងឺប្រកបដោយទំនុកចិត្ត និងស្នាមញញឹម។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើមានការចូលរួមពីថ្នាក់ដឹកមន្ទីរសុខាភិបាលរាជធានី ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទ

#មន្ទីរពេទ្យបង្អែកសម្តេចឪសម្តេចម៉ែ #Samdecheuvsamdechmé Referral Hospital























No comments

Powered by Blogger.